ជាងពីរទសវត្សរ៍មកហើយដែលតួលេខពីរខ្ទង់នៃកំណើនភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវក្នុងស្រុក តែងធ្វើដំណើរទៅកម្សាន្តនៅតាមរមណីយដ្ឋានប្រាសាទបុរាណនាតំបន់អង្គរនៃទឹកដីខេត្តសៀមរាប។ លំហូរ ភ្ញៀវទេសចរ ក៏ជាឈ្នួននាំដល់ការរីកចម្រើនផ្នែកឧស្សាហកម្មសំណង់ ដែលផ្តោតទៅលើវិស័យសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយមានចំនួនច្រើនរាប់រយទីតាំងរីកដុះដូចផ្សិត ស្ថិតនៅក្នុងបរិវេណនៃទីក្រុងសៀមរាប ដែលមានចម្ងាយតែ៧គីឡូម៉ែត្រ ភាគខាងត្បូងប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា។ថ្វីបើទីក្រុងសៀមរាប មានការអភិវឌ្ឍវិស័យសណ្ឋាគារ យ៉ាងសកម្មគ្រប់ពេលវេលាក៏ដោយ ក៏មហាជនក្នុងស្រុកទូទៅបានចោទជាចម្ងល់ថា ចុះហេតុអ្វី បានជាគេឃើញមានសំណង់ដ៏ធំៗចំនួន ២ កន្លែងទំនងដូចជាសណ្ឋាគារ ត្រូវបានសាងសង់ដោយគ្មានទីបញ្ចប់អស់រយៈពេលជាង ១០ ឆ្នាំ កន្លងមកហើយ? តើសំណង់នោះជាសណ្ឋាគារខ្មោច ឬយ៉ាងណា?

