
តាមទម្លាប់ឱ្យតែមានពួកម៉ាកបង្កើតណាគេរៀបការ ខ្ញុំនៅចាំជួយគេរហូតដល់ចប់ចុងចប់ដើម រួចជូនកូនក្រមុំ និងកូនកំលោះពីហាងមកផ្ទះ។ម៉ោង១២យប់ល្មម ខ្ញុំហ្អើយ តែលតោលម្នាក់ឯងតាមផ្លូវ ត្រឡប់មកផ្ទះវិញ ព្រោះមិនទម្លាប់ គេងផ្ទះគេ ទាំងព្រឺក្បាលប៉ុនៗកញ្ជើ សមមនុស្សមហាខ្លាចខ្មោចផង ចេះតែនឹកឃើញគ្រប់យ៉ាងថា ខ្លួនកំពុងតែបើកបរកិនលើដានវិញ្ញាណខ្មោច ព្រោះថា មិនដឹងជា កន្លងមក មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប៉ុន្មានរយនាក់ទៅហើយទេនៅលើផ្លូវថ្នល់ (អារម្មណ៍នេះ ចំជា ផ្តេសផ្តាសមែន ពេលណាមិននឹកឃើញ ម៉ោនឹកឃើញចំពេលហ្នឹង) រូបភាពគួរឱ្យភ័យខ្លាចទាំងប៉ុន្មាន បានប្រមូលផ្តុំគ្នាផុសចេញពីក្នុងអារម្មណ៍របស់ខ្ញុំក្នុងពេលតែមួយនោះផងដែរ ។
