
លោកអ៊ំ កុក ហ្វាំង មានវ័យ ៧៥ឆ្នាំ រស់នៅភូមិត្រពាំងជោរ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយលោកអ៊ំក៏ធ្លាប់ជាអ្នកព្លុកម្នាក់ផងដែរ បានប្រាប់មកកាន់សារព័ត៌មានយើងឲ្យដឹងថា បើមានមនុស្សស្លាប់ ដោយសារចងក គឺគេមិនយកមកធ្វើបុណទេ ចងកនៅកន្លែងណា គឺគេកប់នៅកន្លែងនោះ សូម្បីមឈូសក៏គេមិនដាក់ឲ្យផង។ ករណីចងកនៅលើផ្ទះ គឺគេអាចដង្ហែខ្មោចនោះទៅកប់ចោលក្នុងព្រៃស្មសាន ប៉ុន្តែត្រូវនិមន្តព្រះសង្ឃ ៧អង្គ មកសូត្រដេញឧបទ្រពចង្រៃចេញឲ្យអស់ បើមិនដូច្នោះទេ ខ្មោចនេះអុកឡុកក្នុងក្រុមគ្រួសារ និងអ្នកអ្នកភូមិមិនឲ្យរស់នៅសុខស្រួលឡើយ អាចធ្វើឲ្យមនុស្សរស់នៅក្នុងភូមិនេះ មានការចងកសម្លាប់ខ្លួនជាបន្តបន្ទាប់គ្នាទៀតផង។
